តួនាទីសមណព្រាហ្មណ៍


                                      តួនាទីសមណព្រាហ្មណ៍
                               



សិក្ខាបទទី១  សមណព្រាហ្មណ៍គប្បីសិក្សាថា អាត្មាអញត្រូវហាមឃាត់មនុស្សក្នុងត្រូវកូលទាំងឡាយកុុំឲ្យធ្វើបាប។
   ញាតិញោមពុទ្ធបរិស័ទទាំងឡាយ ឳកាសដែលយើងបានជាមនុស្សក្នុងលោកនេះគ្រប់គ្នា កំពុងតែអស់ទៅហើយរាល់យប់រាល់ថ្ងៃ ។ យប់ថ្ងៃកន្លងទៅ បាននាំយកនាមរូបទៅជាមួយពុំដែលខានឡើយ។ អាយុជីវិត ឫ ជំនាន់នៃវ័យ ចេះតែរបេះទៅវិនាសទៅគ្រប់ខណៈដែលបិទភ្នែកដេកលក់ និង បើភ្នែកភ្ញាក់ឡើង ។ បានកើតមកជាមនុស្សម្នាក់ៗ ក្នុងជាតិ១ នេះ មិនជាយូរប៉ុន្មានឡើយ នឹងឃ្លាត់ចាកទៅ បាត់បង់អស់នៅអ្វីៗដែលជាទីស្រឡាញ់ពេញចិត្ត ព្រមទាំងខន្ធ៥ ដែលបានសំគាល់ថាជាតួខ្លួនឯងនេះទៀតផង។
    សភាវៈជាអត្តភាពក្នុងជាតិនេះ នឹងត្រូវអស់​​​​​ទៅ​ បិនអាចនៅប្រកាន់យកជាតូខ្លួនរហូតបានឡើយ កាលសាបសូន្យទៅហើយ គ្មានអ្វីជាតួខ្លួនយើងទៀតទេ ដូច្នេះ កម្មត្រូវសាងអត្តភាពថ្មីយ៉ាងណា​ ត្រូវការពារកុំឲ្យសាងអត្តភាពថ្មីនោះជានរក ជាប្រេត ជាតិរច្ឆាន ជាអាសុរកាយ ដោយការមិនធ្វើបាបហ្នឹងឯង ។
សិក្ខាបទទី២ៈ សមណព្រាហ្មណ៍គប្បីសិក្សាថា អាត្មាអញត្រូវណែនាំមនុស្សក្នុងត្រូវកូលទាំងឡាយឲ្យតាំងនៅតែក្នុងអំពើល្អ។
    ញាតិញោមពុទ្ធបរិស័ទទាំងឡាយ កាលណាញាតិញោមមិនធ្វើនូវបាបទាំងពួងហើយ ញាតិញោមត្រូវបំពេញនូវអំពើល្អផ្សេងៗ ជាបន្ថែមតទៅទៀត ប្រៀបដូចបុគ្គលកាប់ព្រៃហើយដាំដំណាំដូច្នោះឯង ឫ ពុំនោះសោត ប្រៀបដូចបុគ្គលងូតទឹកស្អាតហើយតាក់តែងកាយដោយសម្លៀកបំពាក់ជាដើមអញ្ជឹងដែរ ឫ ក៏ម៉្យាងទៀត ប្រៀបដូចអ្នកឈឺត្រូវតមចចំណីទាស់ ហើយប្រឹងបរិភោគនូវចំណីអាហារជាទីសប្បាយដើម្បីថែបំប៉នសុខភាពយ៉ាងដូច្នោះឯង ។
     យើងមិនដឹងរឿងរ៉ាវក្នុងជាតិមុន ដែលយើងគ្រប់គ្នាបានលាចាកមកកើតជាមនុស្សក្នុងជាតិនេះឡើយ យើងមិនដឹងថាជាតិមុន អ្នកណាយំស្តាយយើងខ្លះទេ ហើយយើងរឹតតែមិនដឹងថាមនុស្សសត្វដែលបានកើតជាថ្មីជុំវិញយើងសព្វថ្ងៃនេះ ធ្លាប់ជាអ្វីជាមូយនឹងយើងក្នុងជាតិមុននោះ ដូច្នេះ ទើបយើងគួរមានមេត្តាដល់គ្នា ព្រោះគេអាចជាមាតាបិតា អាចជាកូនប្រុសស្រី ប្តី ប្រពន្ធ របស់យ់ងពីជាតិមុនថ្មីៗនេះឯង ។
សិក្ខាបទទី៣ៈ សមណព្រាហ្មណ៍គម្បីសិក្សាថា អាត្មាអញត្រូវអនុគ្រោះមនុស្សក្នុងត្រកូលដោយចិត្តដ៏ល្អ។
       ការផ្សាយនូវមេត្តាចិត្តក្តី ការនាំសព្រហ្មចារីសែលមានសីលល្អចូលទៅកាន់ត្រកូលក្តី ឈ្មោះថាអនុគ្រោះត្រកូលដោយចិត្តដ៏ល្អ ។
        ការធ្វើចិត្តរបស់ខ្លួនឲ្យផូរផង់ អ្នកកាន់ព្រះពុទ្ធសាសនា គឺចាំបាច់ត្រូវតែដឹងរឿងនេះឲ្យច្បាស់លាស់ ព្រោះនេះជាចំនុចសំខាន់ក្នុងព្រះពុទ្ធសាសនា ជាធម៌បដិបត្តិដ៏ខ្ពង់ខ្ពស់ផង ជាផលដែលត្រូវបានសម្រេចផង ដូច្នេះ ពុទ្អបរិស័ទមិនត្រូវជាប់នៅត្រឹមតែមិនធ្វើបាប​ និង ធ្វើតែអំពើល្អប៉ុណ្ណឹងទេ បើថាត្រឹមតែប៉ុណ្ណឹងទេនោះ ជីវិតមិនអាចរួចផុតអំពីសេចក្តីទុក្ខសោកទៅបានឡើយ ពោលគឺមិនអាចផុតរបូតអំពីកងទុក្ខទៅបាន។
     មានតែការអប់រំចិត្តឲ្យអស់កិលេសតែប៉ុណ្ណោះ ទើបអាចអស់ទុក្ខទៅបាន បុគ្គលអ្នកបង្ហាត់ចិត្តបង្វឹកចិត្តឲ្យត្រង់ ក្រៅអំពីបានចូលដល់ព្រះសាសនាយ៉ាងនែប​និត្យហើយ នៅជាអ្នកបានឃើញព្រះសម្មាសម្ពុទ្ធយ៉ាងច្បាស់ ប្រាកដដោយបិទភ្នែកគឺបញ្ញាទៀតផង។
    សិក្ខាបទទី៤ សមណព្រាហ្មណ៍គប្បីសិក្សាថា អាត្មាអញត្រូវញ៉ាំងមនុស្សក្នុងត្រកូលឲ្យបានស្តាប់នូវធម៌ដែលមិនធ្លាប់បានស្តាប់ ។
       បុគ្គលណាសំដែងព្រះធម៌ពន្យល់អ្នកដទៃ ឲ្យឃើញច្បាស់ ឲ្យមានចិត្តអង់អាចហ៊ានសមាទានកានយកនូវអំពើល្អ ប្តេជ្ញាវៀរចាកបាបទាំងពួង បុគ្គលនោះឈ្មោះថាឲ្យនូវអរិយទ្រព្យដល់អ្នកដទៃ ជាអ្នកទ្រោលប្រទីប បំភ្លឺក្នុងទីងងឹត ក្នុងគំនិតគិតឲ្យមនុស្សទាំងឡាយមើលឃើញនូវផ្លូវត្រូវពិតប្រាកដ។
      ព្រះធម៌ដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ សម្តែងហើយ ជារបស់សំខាន់ដ៏ក្រៃលែងក្នុងជីវិត សូមពុទ្ធបរិស័ទស្តាប់ព្រះធម៌ សិក្សាព្រះធម៌ ដើម្បីឲ្យដឹងថា ខ្លួនឯងមានកិលេសច្រើនប៉ុនណា ជាមនុស្សស្អុយក្នុងព្រោះមានកិលេសក្នុងសន្តាន ហើយបានប្រព្រឹត្តទ្រុស្តសីលយ៉ាងណា គឺព្យាយាមស្តាប់ព្រះធម៌ដើម្បីឲ្យឃើញសេចក្តីល្ងង់ខ្លៅរបស់ខ្លួនឯងពិតៗ ។
       សូមពុទ្ធបរិស័ទព្យាយាមប្តូរការគិតជាអកុសលមកជាកុសលក្នុងគំនិតវិញ​​​​​ សូមកុំបៀតបៀនចិត្តខ្លួនឯងត្រូវខំថ្នាក់ថ្នមថែរក្សារចិត្តឲ្យបានល្អជាទីវបំផុត ។
   សិក្ខាបទទី ៥ សមណព្រហ្មណ៍គប្បីសិក្សាថា អាត្មាអញត្រូវបំភ្លឺសេចក្តីនៃធម៌ផ្សេងៗឲ្យមនុស្សក្នុងត្រកូលកាន់តែបានយល់ច្បាស់ចំពោះធម៌ដែលធ្លាប់ស្តាប់ហើយ ។
    ចិត្តដែលបុគ្គលបានគ្រប់គ្រងថែទាំល្អហើយ រមែងនាំមកនូវសេចក្តីសុខ សេចក្តីសុខបញ្ចប់បញ្ហាគ្រប់យ៉ាងក្នុងជីវិត ចិត្តដែលមានសេចក្តីសុខព្រោះបានជាសះស្បើយនូវរោគ សូមពុទ្ធបរិស័ទគ្រប់គ្នាគិតគូរសុខភាពរបស់ចិត្តផង កុំគិតតែអំពីសុខភាពរាងកាយតែម្យ៉ាងនោះ សុខភាពរបស់ចិត្តសំខាន់ណាស់។
    ការសប្បាយរីករាយក្នុងកាមគុណ ជាចំណីទាស់របស់ចិត្តដែលមានរោគ បើមិនប្រាថ្នាឲ្យចិត្តរឹតតែដុនដាបនោះ ត្រូវកុំស្វែងរកសេចក្តីរីករាយភ្លើតភ្លើនក្នុងកាមគុណ ត្រូវស្វែងរកស្តាប់ព្រះធម៌ និង បុណ្យកុសលទាំងពួង មកថែបំប៉នសុខភាពរបស់ចិត្តវិញ ដើម្បីឲ្យចិត្តមានកម្លាំងរឹងមាំឈ្នះរោគក្នុងសន្តាន ។
   ការខឹងក្រោធគំនុំគំគួន និង សេចក្តីច្រណែនឈ្នានីសជាដើម សុទ្ធតែជាគ្រឿងប្រទូសសារ៉ាយនឹងចិត្តខ្លួនឯង ជាគ្រឿងបំផ្លាញសុខភាពរបស់ចិត្ត សូមពុទ្ធបរិស័ទចេះអាណិតចិត្តខ្លួនឯងផង។
  សិក្ខាបទទី ៦ សមណព្រហ្មណ៍គម្បីសិក្សាថា អាត្មាអញត្រូវប្រាប់ផ្លូវដល់មនុស្សក្នុងត្រកូលឲ្យដើរទៅរកសុខសួគ៌និព្វាន។
   សមណព្រាហ្មណ៍គួរអនុគ្រោះអ្នកដទៃ ដោយមេត្តាករុណា និង ការព្យាយាមកម្ខាត់បង់នូវកិលេសក្នុងសណ្តានរបស់ខ្លួន ឲ្យបានទៅជាស្រែបុណ្យដ៏ប្រសើរ ម៉្យាងទៀត ដែលជាប្រយោជន៍សំខាន់បំផុតក្នុងការអនុគ្រោះ គឺអនុគ្រោះអ្នកដទៃឲ្យដឹងផ្លូវដើរទៅកាន់សេចក្តីស្ងប់យ៉ាងពិតប្រាកដ។
   មួយថ្ងៃៗ មានសេចក្តីទុក្ខរឿងរ៉ាវដែលចិត្តនឹកគិត ច្រើនជាងសុខទុក្ខតាមផ្លូវកាយ កាលណាគិតមិនល្អក្នុងរឿងអ្វីមួយ វានាំឲ្យចិត្តលំបាក ដូច្នេះ អ្នកថែរក្សាចិត្តត្រូវប្រយ័ត្នគំនិតខ្លួនឯង ជួនកាលរវល់តែគិតដល់ចិត្តមិនល្អដល់អ្នកដទៃ ព្រោះបានដឹងថាគេធ្វើអំពើអ្វីមួយមិនគប្បី វាភ្លេចគិតដល់ចិត្តខ្លួនឯងដែលកំពុងតែមិនល្អព្រោះកើតទោសៈ ។
   នៅពេលដែលខឹងក្រោធ យើងគិតថាមេត្តាដល់គេមិនបានឡើយ ប៉ុន្តែក្នុងរឿងនេះត្រូវចាំថា បើមេត្តាគេមិនបាន ត្រូវមេត្តាខ្លួនឯងឲ្យបាន កុំដុតចិត្តរបស់ខ្លួនដដោយខ្លួនឯង នេះជាផ្លូវនៃសេចក្តីសុខស្ងប់ក្នុងជីវិត។
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment