បន្ទាប់អំពីនេះ នឹងសំដែងរៀបរាប់តាមគម្ពីរវិសុទ្ធិមគ្គជាតទៅទៀត។ តាមដំណាលថា ភ្នំសិនេរុស្ថិតនៅកណ្តាលចក្រវាឡ ភ្នំសត្តបរិភណ្ឌព័ទ្ធជុំវិញភ្នំសិនេរុ ផ្ទៃខាងក្រៅភ្នំសត្តបរិភណ្ឌនោះសុទ្ធតែទឹក ទាំងអស់មានទ្វីប ៤ ស្ថិតនៅក្នុងទិសទាំង ៤ ឆ្ងាយដាច់ស្រយាលពីភ្នំសត្តបរិភណ្ឌ ។
ទ្វីបទាំង ៤ នោះគឹ
១ ជម្ពូទ្វីប ស្ថិតនៅទិសខាងត្បូងភ្នំសិនេរុ មានដើមព្រីងប្រចាំទ្វីប មនុស្សក្នុងទ្វីបនោះរកស៊ីចិញ្ចឹមជីវិត ដោយកសិកម្មនឹងពាណិជ្ជកម្មជាដើម ស្ត្រីមានគភ៌ ៩ ខែ ឬ ១០ ខែទើបប្រសូតិបុត្រធីតា ។
២ ឧត្តរកុរុទ្វីប ស្ថិតនៅទិសខាងជើងភ្នំសិនេរុ មានដើមកប្បព្រឹក្សប្រចាំទ្វីប មនុស្សក្នុងទ្វីបនោះមិនរវល់កង្វល់ដោយកសិកម្មពាណិជ្ជកម្មឡើយ ចង់បានចង់បរិភោគចំណីអាហារបែបណា គ្រាន់តែដើរទៅដល់ដើមកប្បព្រឹក្សបានដូចប្រាថ្នា ស្ត្រីមានគភ៌ ៧ ថ្ងៃប្រសូតិបុត្រធីតា ប្រសូត្របាន ៧ ថ្ងៃចេះដើរចេះរត់។
៣ អមរគោយានីទ្វីប ស្ថិតនៅទិសខាងលិចភ្នំសិនេរុ មានដើមកុម្ពប្រចាំទ្វីប មនុស្សក្នុងទ្វីបនោះមិនកង្វល់ដោយកសិកម្មពាណិជ្ជកម្មឡើយ ព្រោះមានដួងកែវឲ្យសម្រេចសេចក្តីប្រាថ្នាបានគ្រប់យ៉ាង។
៤ បុព្វវិទេហទ្វីប ស្ថិតនៅខាងកើតភ្នំសិនេរុ មានដើមច្រេសប្រចាំទ្វីប មនុស្សក្នុងទ្វីបនោះមិនពិបាកនឿយហត់ដោយកសិកម្មពាណិជ្ជកម្មឡើយ ព្រោះមានប្រាសាទ ១ វិចិត្ររចនាដោយកែវ ៧ ប្រការកំពស់ ១៥ យោជន៍ ឲសម្រេចសេចក្តីត្រូវការរបស់មនុស្សបានគ្រប់យ៉ាង។
បណ្តាទ្វីបទាំង ៤ នោះព្រះពុទ្ធគ្រប់ព្រះអង្គមិនដែលឧប្បត្តិកើតក្នុងទ្វីបទាំង ៣ ទេ ទ្រង់ឧប្បត្តិកើតតែក្នុងជម្ពួទ្វីបមួយប៉ុណ្ណោះ ព្រោះទ្វីបទាំង ៣ ជាទ្វីបសម្រាប់សត្វសោយផលរបស់សុច្ចរុតធម៌ មិនមែនជាទ្វីបសាងសុច្ចរិតធម៌ដូចជម្ពូទ្វីបឡើយ។
ក្នុងជម្ពូទ្វីបមានភ្នំហេមពាន្ត កំពស់ប្រាំរយយោជន៍ (៥ ០០យោជន៍) បណ្តោយនិងទទឹងប្រវែងបីពាន់យោជន៍(៣ ០០០យោជន៍)មានកំពូល ប្រាំបីម៉ឺនបួនពាន់ (៨៤ ០០០ កំពូល) ។
ទំហំដើមឈើប្រចាំទ្វីបទាំង ៤ គឺ
ជម្ពូព្រឹក្ស ដើមព្រីងក្នុងទ្វីប ១ កប្បព្រឹក្ស ដើមកប្បក្នុងឧត្តរកុរុទ្វីប ១ ភទម្ពព្រឹក្សដើមក្ទម្ពក្នុងអមរគោយានីទ្វីប ១ សិរីសព្រឹក្សដើមរលួសផ្អុងក្នុងឋានតាវតឹង្ស ១ បាដលីព្រឹក្សដើបជ្រនៀងរបស់ពួកអសុរ ១ នឹងសិម្ពលិព្រឹក្សដើមរការបស់ពួកគ្រុឌ ១ ដើមឈើទាំងអស់នេះសុទ្ធតែជាស្តេចនៃរុក្ខជាតិមានអាយុវែងតាំងនៅអស់ ១ កប្ប មានទំហំនឹងកំពស់ជាដើមប៉ុនគ្នាទាំងអស់គឺ មានទំហំជុំវិញដើមចំនួនដប់ប្រាំយោជន៍(១៥ យោជន៍) បណ្តោយដើមនិងបណ្តោយមែកដែលបែកទៅជុំវិញដើមម្ខាងៗ មានហាសិបយោជន៍(៥០ យោជន៍) រំភាយមែកពីម្ខាងទៅម្ខាងនឹងកំពស់មែកទៅលើចំនួនមួយរយយោេជន៍ (១០០ យោជន៍) ។
ទំហំទ្វីបទាំង ៤ យ៉ាងគឺ
ជម្ពូទ្វីបនិងស្ថានតាវតឹង្ស ស្ថានអសុរ ស្ថានននរកអវីចិ មានទំហំមួយម៉ឺនយោជន៍ដូចគ្នា (១០ ០០០) អមរគោយានីទ្វីបនឹងបុព្វវិទេហទ្វីប មានទំហំពីរពាន់យោជន៍ (២ ០០០ យោជន៍) ឧត្តរកុរុទ្វីប មានទំហំប្រាំបីពាន់យោជន៍ (៨ ០០០ យោជន៍) ។ ទ្វីបទាំង ៤ នេះទ្វីបនីមួយៗ ប្រាំរយៗ ជាបរិវាររួមនៅក្នុងចក្រវាឡមួយជុំចក្កវាឡមានភ្នំធំវែងព័ទ្ធជុំវិញ ភ្នំនោះចាក់ឬសទៅក្នុងមហាសមុទ្រជម្រៅប្រាំបីម៉ឺនពីរពាន់តោជន៍ (៨២ ០០០យោជន៍) ដុះឡើងលើមានកំពស់ប្រាំបីម៉ឺនពីរពាន់យោជន៍ដែរ ។
សេចក្តីបញ្ជាក់
ក្នុងលោកធាតុ ១ ឬ ចក្រវាឡ ១ មានទ្វីបធំ ៤ ទ្វីបតូច ៥ រយ ៗ មានភ្នំសិនេរុ ភ្នំសត្តបរិភណ្ឌ ឋានសួគ៌ ៦ ជាន់ ស្ថានព្រហ្ម ស្ថានមននុស្សនឹងស្ថាននរកជាដើម ហើយមានព្រះអាទិត្យ ប្រះចន្ទ ។ ព្រះអាទិត្យនោះមានទំហំ ៥០ យោជន៍ ព្រះចន្ទ មានទំហំ ៤៩ យោជន៍ ជាវិមានប្រាសាទរបស់សុរិយទេវបុត្រនឹងចន្ទទេវបុត្រ សង្ខារលោកតាក់តែងឡើងសម្រាប់បំភ្លឺលោក មានប្រក្រតីដើរប្រទក្សិណភ្នំសិនេរុជានិច្ច ព្រះអាទិត្យក្នុង១យប់១ថ្ងៃដើរបានមួយជុំភ្នំសិនេរុ ព្រះចន្ទដើរ១ខែទើបបាន១ជុំភ្នំសិនេរុ ។ រួបរួមសំភារទាំងអស់ដូចរៀបរាប់មកនេះហៅថា លោកធាតុ ១ ឬ ចក្រវាឡ ១ ។
លោកធាតុ ឬ ចក្រវាឡនោះមានច្រើនជាអនេកមិនមែនមានតែ ១ ទេ រួមលោកធាតុ ឬ ចក្រវាឡដែលមានទាំងប៉ុន្មាន ហៅថា ឪកាសលោក ឬ ឪកាសលោកនោះបែងចែកទៅតាមខែត្ររបស់ព្រះពុទ្ធគឺ
ពុទ្ធក្ខេត្តមាន ៣ យ៉ាង
១ ជាតិក្ខេត្ត មានលោកធាតុ ឬ ចក្រវាឡចំនួន ១ ម៉ឺន (១០ ០០០លោកធាតុ) ក្នុងពេលដែលព្រះពុទ្ធចុះចាប់បដិសន្ធិនឹងប្រសូត្រជាដើម លោកធាតុ ឬ ចក្រវាឡ ទាំង ១ ម៉ឺននោះកំរើករំពើតញាប់ញ័រទាំងអស់ហាក់ដូចជាគេចាប់ញាក់ ឬ ចាប់អង្រួន ដោយអំណាចបុណ្យរបស់ព្រះអង្គ។
២ អាណាខេត្រមានលោកធាតុ ឬ ចក្រវាឡ ចំនួន ១ សែនកោដដិ (១០០០ ០០០ កោដិលោកធាតុ) ក្នុងពេលដែលព្រះពុទ្ធសំដែងនូវ រតនបរិត្ត ខន្ធបរិត្ត ធជគ្គបរិត្ត អាដានាដិតបរិត្ត នឹងមោរបរិត្ត លោកធាតុ ឬ ចក្រវាឡ ទាំង ១ សែនកោដិនោះ កំរើករំពើតញាប់ញ័រទាំងអស់ ហាក់ដូចជាគេចាប់ញាក់ ឬ ចាប់អង្រួន ដោយអំណាចរបស់ព្រះបរិត្តដដែលព្រះអង្គសំដែង ។
៣ វិសយក្ខេត្ត មានលោកធាតុ ឬ ចក្រវាឡជាអនន្តរាប់មិនបានប្រមាណមិនត្រូវ អំណាចប្រាជ្ញាញាណរបស់ព្រះសម្ពុទ្ធជ្រៅឆ្ងាយទូលាយជាអនន្ត ផ្សាយទៅក្នុងឱកាសលោកដែលរកទីបំផុតមិនឃើញ បានតាមពុទ្ធបំណង បើព្រះអង្គជ្រាបនូវហេតុជាអនន្តបែបណា ទ្រង់ជ្រាបបានបែបនោះឥតមានទើសទាក់។
ពុទ្ធក្ខេត្តទាំង ៣ នោះ លើកលែងវិសយក្ខេត្ត ១ ចេញព្រោះជាធម្មតាវិសយប្រាជ្ញាញាណរបស់ព្រះពុទ្ធគ្រប់ព្រះអង្គ។ ចំណែកខាងជាតិក្ខេត្តនិងអាណាខេត្រ ដែលលោកធាតុ ឬ ចក្រវាឡ១ សែនកោដិនោះជាខេត្តរបស់ព្រះពុទ្ធ១ ព្រះអង្គៗ ។ លោកធាតុ ឬ ចក្រវាឡទាំង១ សែនកោដិននោះ សង្ខារលោកតាក់តែងឡើងក្នុងពេលជាមួយគ្នា មានអាយុស្ថិតនៅប្រហែលគ្នា វិនាសទៅវិញក៏ដំណាលគ្នា ដូចមានសំដែងក្នុងគម្ពីរវិសុទ្ធិមគ្គ ត្រង់អភិញ្ញានិទ្ទេសថា
សេចក្តីថា បណ្តាពុទ្ធក្ខេត្តទាំងបីនោះ អាណាខេត្តមួយត្រូវវិនាស កាលបើអាណាខេត្តវិនាសហើយ ចំណែកខាងជាតិកក្ខេត្ត ក៏ត្រូវវិនាសដូចគ្នា។ ជាតិក្ខេត្ត កាលវិនាស ក៏វិនាសក្នុងពេលជាមួយគ្នានឹងអាណាខេត្ត។ ការវិនាសក្តី តាំងនៅក្តី នៃជាតិក្ខេត្តនេងអាណាខេត្តបណ្ឌិតត្រូវជ្រាបយ៉ាងនេះចុះ។
ន័យត្រង់ពុទ្ធក្ខេត្តនេះ ច្រើនមានយោបល់ផ្សេងៗគ្នា ខ្លះយល់ថា ក្នុងឪកាសលោកទាំងមូល ដែលមានមេឃអាកាសធំទូលាយល្ហល្ហេវនេះមានលោកធាតុ ឬ ចក្រវាឡត្រឹមតែ១ សែនកោដិប៉ុុណ្ណោះយូរៗទើបមានព្រះពុទ្ធត្រាស់១ អង្គ មិនមានជានិច្ចកាលរាល់ថ្ងៃរាល់ខែឆ្នាំទេ ព្រោះមិនមានលោកធាតុ ឬ ចក្រវាឡដោយឡែក ក្រៅពី១ សែនកោដិនេះទៀត។
ខ្លះទៀតយល់ថា ក្នុងឱកាសលោកទាំងមូលមានមេឃអាកាសធំទូលាយល្ហល្ហេវនេះ មិនមែនមានលោកធាតុឬចក្រវាឡត្រឹមតែ ១ សែនកោដិៗ ជាអនន្តរាប់មិនអស់មានព្រះពុទ្ធដឹងរាល់ៗថ្ងៃគ្មានចន្លោះ គឺបើលោកធាតុ ១ សែនកោដិនេះព្រះពុទ្ធនរិនិព្វានទៅហើយ លោកធាតុ ១ សែនកោដិនោះ មានព្រះពុទ្ធកំពុងត្រាស់ដឹង លោកធាតុ ១ សែនកោដិ អែណោះ មានព្រះពុទ្ធកំពុងចុះចាប់បដិសន្ធិ លោកធាតុ ១សែនកោដិអែណោះ មានព្រះពុទ្ធកំពុងចេញបព្វជ្ជា ឬ មានលោកធាតុ ១ សែនកោដិៗ ជាច្រើន ដែលមានព្រះពុទ្ធកំពុងតែចុះចាប់បដិសន្ធិ កំពុងតែប្រសូត្រ កំពុងតែត្រាស់ដឹងជាដើម ឬ ក៏មានលោកធាតុ ១ សែនកោដិជាច្រើនកំពុងវិនាស មានលោកធាតុ ១ សែនកោដិជាច្រើន ដែលកំពុងតែចំរើន។
0 comments:
Post a Comment