សាទរំ សាទរំ ហន្តុ វិហតា វិហតា មយា វន្ទនា វន្ទនា មាន ភាជនេ រតនត្តយេ។
ខ្ញុំព្រះករុណា សូមនមស្សការ ចំពោះព្រះភគវន្តមុនី អរហន្ត សម្មាសម្ពុទ្ធព្រះអង្គនោះ ព្រមទាំងព្រះធម៏ នឹងព្រះអរិយសង្ឃដោយគោរព។
កិរិយាថ្វាយបង្គំ ដែលខ្ញុំព្រះករុណា បានធ្វើដោយសេចក្តីគោរព ក្នុងប្រជុំបីនៃរតន មានព្រះពុទ្ធជាដើម ដែលជាភាជន៍ គួរតែបុគ្គលថ្វាយបង្គំបូជា ដោយទ្វារទាំងបីមានកាយទ្វារជាដើម កិរិយាថ្វាយបង្គំនោះ ជាអំពើដ៏វិសេស ព្រោះញ៉ាំងសម្បត្តិជា លោកុត្តរ ឲសម្រេចបាន សូមញ៉ាំងសេចក្តីក្រវល់ក្រវាយ ដែលប្រព្រឹត្តទៅក្នុងកាយនិងចិត្តខ្ញុំព្រះករុណាឲវិនាសបង់ទៅ។
ការរៀបរៀងនេះដកស្រងពីសៀវភៅ គម្ពីរទីឃនិកាយ និងវិិសុទ្ធិមគ្គ ក្នុងគម្ពីផ្សេងៗទៀត។សន្មតឲឈ្មោះថា««កប្បកថា»» ការសំដែងអំពីកប្ប ដើម្បីជគ្រឿងសតិបញ្ញា របស់ពុទ្ធមាមិកជនទូទៅ នឹងជាគ្រឿងពិចារណាក្នុងបញ្ហាជីវិត របស់សត្តនិករ នឹងជាវត្ថុធាតុគ្រប់ប្រភេទ ឲឃើញប្រច័ក្សថាមានខ្លឹមសារឬមិនមាន ទៀង ឬ មិនទៀង។
កប្បកថា តមកទៀតរៀបរាប់ ពី ឧបាយប្រចាំជីវិត អំពីពាក្យថា កប្ប ទ្វីបទាំង៤ ទំហំឈើប្រចាំទ្វីប ទំហំទ្វីប ពុទ្ធក្ខេត្ត៣យ៉ាង គ្រោងគំនិត ឧបមាអំពីកប្ប ការចេែកកប្ប កប្បវិនាសដោយភ្លើង កប្បវិនាសដោយទឹកនិងខ្យល់ កប្បចំរើន សត្វបរិភោគដីមានរស រឿងព្រះបាទទល្ហនេមិ ការកើតអកុសលកម្មបថក្នុងលោក ការកើតសត្ថន្តរកប្ប ការកើតកុសលកម្មបថក្នុងលោក។
ឧបាយប្រចាំជីវិត
ដើម្បីបន្ថូរបន្ថយចិត្តកុំឲលិចលង់ទៅក្នុងអំពើទុច្ចរិតផ្សេងៗ គួរគិតពិចារណាដល់គ្រោះថ្នាក់ ការវិនាសអន្តរធានរបស់ពិភពលោក ដែលទុកជាផ្ទះសំបែងជាគុហា ឬជាអន្លង់របស់យើង ដែលយើងត្រូវតែកើត ត្រូវតែនៅអាស្រ័យ គេចរត់ជៀសចេញមិនរួច ។ ធម្មតាអ្នកដែលនៅក្នុងផ្ទះចាក់សោជាប់មាំមួន ហើយប្រហែសធ្វេសមិននឹកនាដល់គ្រោះថ្នាក់គិតតែដេកសប្បាយក្នុងផ្ទះ បណ្តោយឲសតិស្មារតីវង្វេងភ្លេចបាត់កូនសោ ដល់វេលាភ្លើងឆេះផ្ទះ ស្រាប់តែភ័យញ័រចំប្រប់ស្លុតព្រលឹងរត់ស្រែកអន្ទះសាទទួលរងទុក្ខសោកយ៉ាងមហិមា ដរាបដល់ភ្លើងឆេះ ខ្ទេចខ្ទីប្រកាច់ស្លាប់ក្នុងគំនរភ្លើងនោះ ។ មានឧបមាយ៉ាងណាមិញ ពួកសត្តនិករក្នុងលោកដែលងោកងក់ស្លុះស្លុងគំនិតទៅក្នុងអំពើទុច្ចរិតផ្សេងៗ មិនបាននឹកដល់គ្រោះថ្នាក់ប្រចាំជីវិត គិតតែសប្បាយហួសហេតុណ ខុសលំនាំអ្នកប្រជ្ញក៏ដូច្នោះដែរ។
ធម្មតាអ្នកប្រាជ្ញមានគំនិតប្រព្រឹត្តមុនជីវិត តែរិះរកឧបាយដើម្បីជៀសវាងគ្រោះថ្នាក់ប្រចាំជីវិតទុកមុនជាដរាប មិនបណ្តោយឲលឿនទៅប៉ះពានពារលើគំនរគ្រោះថ្នាក់ឡើយ។ ឧបាយដែលនឹងចៀសវាងគ្រោះថ្នាក់មានតែមួយទេ គឹសុច្ចរិតធម៏ សុច្ចរិតកាយ គឹមិនបៀតបៀនជីវិតរបស់ខ្លួននឹងសត្វដទៃ មិនលួចប្លន់បុត្រធីតា ភរិយា ស្វាមីនិងទ្រព្យសម្បត្តិជនដទៃនឹងមិនផឹកសុរាជាដើម សុច្ចរិិតវាចា គឹមិននិយាយភូតភរកុហសញុះញង់ មិនបំបែកបំបាកចាក់ចុចធ្វើឲ្យអ្នកដទៃ វិនាសជាដើម សុច្ចរិតចិត្ត គឹមិនគុំគួនព្យាបាទអ្នកដទៃ នឹងមិនរបឹងរឹងរូសចចេសជំទាស់សភាវពិត ចេះជឿកម្មនិងផលរបស់កម្មជាដើម។ បើបុគ្គលណាមានសុច្ចរិតធម៏នេះហើយ បុគ្គលនោះជាបណ្ឌិតមានគំនិតល្អ មិនបណ្តោយឲជីវិតលឿនទៅប៉ះទង្គិកពានពារលើគំនិតគ្រោះថ្នាក់ឡើយ។
គ្រោះថ្នាក់នោះដោយសង្ខេបមាន២យ៉ាង
១ គ្រោះថ្នាក់មិនប្រចាំកាល
២ គ្រោះថ្នាក់ប្រចាំកាល ។
១ គ្រោះថ្នាក់មិនប្រចាំកាលនោះ បានដល់គ្រោះថ្នាក់របស់ សត្វដូចជាក្នុងបច្ចុប្បន្នកាល។ ក្នុងប្រទេសមួយតំបន់មួយ ជាមួយគ្នា សត្វខ្លះមានគ្រោះថ្នាក់ ខ្លះបានសុខចំរើន ជួនកាលថ្ងៃខែឆ្នាំនេះ សត្វនោះគ្មានគ្រោះថ្នាក់ ថ្ងៃខែឆ្នាំនោះ សត្វនេះមានគ្រោះថ្នាក់មិនកំណត់កាលសត្វ ដូច្នេះហៅថាគ្រោះថ្នាក់មិនប្រចាំកាល។
២ គ្រោះថ្នាក់ប្រចាំកាលនោះ បានដល់គ្រោះថ្នាក់ប្រចាំអាយុផែនដីយូរអង្វែងណាស់ទើបមានម្តង ។ គ្រោះថ្នាក់នេះធំក្រៃលែងធំដល់ពាក្យចាស់ទុំតែងនិយាយថា កើតអន្តរធានភ្លើងឆេះទឹកឆេះដី ភ្លើងបល័យកប្ប។ ក្នុងពេលភ្លើងប្រល័យនោះពួកសត្តនិករដែលនៅលើផែនដីទាំងប៉ុន្មាន នឹងនៅក្នុងស្ថានសួគ៏ទៅទល់ត្រឹមសទ្ធាវាសព្រហ្មត្រូវទទួលគ្រោះថ្នាក់ទាំងអស់ចំពោះសត្វណា ដែលធ្វេសប្រហែស មិនអើពើនឹងសុច្ចរិតធម៏ ព្រោះក្នងពេលនោះ ធម្មតាកុសលាកុសលកម្ម នឹងសង្ខារត្រូវបែងចែកសត្វ គឹសត្វណាដែលល្មេាភប្រព្រឹត្តអំពើទុច្ចរិត សត្វនោះត្រូវទៅជួបជុំក្នុងពេលនោះទីនោះ សត្វណាបានប្រព្រឹត្តសុច្ចរិតធមម៏ហ្មត់ចត់ល្អសត្វនោះត្រូវទៅកើតនៅកន្លែងសុខក្សេមក្សាន្ត មានទៅកើតក្នុងសទ្ធាវាសព្រហ្មជាដើម មិនបានទៅច្រឡូកច្រឡំជាននឹងពួកអ្នកប្រព្រឹត្តទុច្ចរិតនោះឡើយ ដូច្នេះហៅថាគ្រោះថ្នាក់ប្រចាំកាល ។ គ្រោះថ្នាក់នេះកាន់តែលឿនជិតចូលមកដល់ ព្រោះផែនដីដែលយើងនៅអាស្រ័យសព្វថ្ងៃនេះ មានឈ្មោះតាមអាយុហៅថា ភទ្ទកប្ប មានព្រះពុទ្ធ៥ ព្រះអង្គត្រូវឧប្្បត្តិកើតឡើងក្នុងរយកាលអាយុផែនដីនេះ ឥឡូវបរិព្វាន ៤ ព្រះអង្គទៅហើយ គឹព្រះពុទ្ធកកុសន្ធោ កោនាគមនា កស្សបោ គោតមោ នៅសល់តែព្រះអរិយមេត្តយ្យ មួយអង្គទៀតទេត្រូវភ្លើងប្រល័យកប្បហើយ។

អំពីពាក្យថាកប្ប
កាលដែលតាំងនៅយូរអង្វែងហៅថាកប្ប ជាឈ្មោះអាយុផែនដីឫសជាឈ្មោះអាយុឱកាសលោក។ ដែលហៅថាឱកាសលោកនោះក្នុងគម្ពីរវិសុទ្ធិមគ្គប្រាប់ថាៈ បានដល់ទីលំនៅសត្តនិករ ដែលមានសេចក្តីវិនាសជាធម្មតា។ ក្នុងឱកាសលោកនោះ មានចក្រវាឡ( ពាក្យថាចក្រវាឡគឺលោកធាតុទ្រទ្រង់លោកធាតុទីទ្រទ្រង់លោក បានជាហៅថាចក្រវាឡ ព្រោះមានភ្នំព័ទ្ធជុំវិញដូចកង់រទេះ)ជាច្រើន ចក្រវាឡយើងនេះមានបណ្តោយនឹងទទឹងប្រវែងមួយលានពីរសែនបីពាន់បួនរយហាសិបយោជន៍(១ យោជន៍ប្រវែង ៤គាវុធ, ១ គាវុធប្រវែង ៨០ ឧសភ, ១ ឧសភ ប្រវែង ២៥ ព្យាម, គឺ ១ យោជន៍ ប្រវែង ៨ ពាន់ព្យាម) (១. ២០៣. ៤៥០ យោជន៍) បរិមណ្ឌលសំណុំមូលជុំវិញ បីលានប្រាំបួនសែនមួយម៉ឺនបីរយហាសិបយោជន៍ (៣៩១០.៣៥០ យោជន៍) កម្រាស់ផែនដីក្នុងចក្រវាឡនេះចំនួនពីរសែនបួនម៉ឺនយោជន៍ (២៤០.០០០យោជន៍) ទឹកទ្រផែនដីកម្រាស់បួនសែនប្រាំបីម៉ឺនយោជន៍(៤៨០.០០០យោជន៍) មានភ្នំធំឈ្មោះសិនេរុ ចាក់ឫសលិចទៅក្នុងសមុទ្រ ជម្រៅប្រំបីម៉ឺនបួនពាន់យោជន៍(៨៤០.០០០យោជន៍), ខ្ពស់ឡើងលើប្រាំបីម៉ឺនបួនពាន់យោជន៍ដូចគ្នា, បន្ទាប់អំពីភ្នំសិនេរុនោះមានភ្នំសត្តបរិភណ្ឌ ៧ ជាន់ទៀត គឺ
១ យុគន្ធរ មានកំពស់ ៤២.០០០ យោជន៍
២ ឥសិន្ធរ មានកំពស់ ២១.០០០ យោជន៍
៣ ករវិក មានកំពស់ ១០.៥០០ យោជន៍
៤ សុទស្សនៈ មានកំពស់ ៥.២៥០ យោជន៍
៥ នេមិន្ធរ មានកំពស់ ២.៦២៥ យោជន៍
៦ វិនតកៈ មានកំពស់ ១. ៣១២ យោជន៍
៧ អស្សភណ្ឌ មានកំពស់ ៦៥៦ យោជន៍
ភ្នំទាំង ៧ នេះសុទ្ធតែជាភ្នំទិព្វវិចិត្រដោយរតនវត្ថុផ្សេងៗ មានមាសជាដើម, មានឫសលិចទៅក្រោមពាក់កណ្តាលស្មើនឹងកំពស់ឡើងលើស្ថិតនៅព័ទ្ធជុំវិញភ្នំសិនេរុ ចម្ងាយពីភ្នំ១ទៅភ្នំ១ ប្រវែងស្មើនឹងកំពស់ភ្នំនោះៗ ត្រង់ចន្លោះភ្នំទាំង៧ នោះសុទ្ធតេសមុទ្រឹកគ្មានសរសៃហៅថាសមុទ្រសីទន្តរ។ ភ្នំទាំង ៧ នោះស្ថិតនៅក្នុងស្ថានចាតុមហារាជិកាជាទីលំនៅនៃស្តេចចតុលោកបាលទាំង ៤ គឺ ព្រះបាទធតរដ្ឋៈ១ វិរូបក្ខៈ១ វិរុឡ្ហកៈ១ កុវេរៈ១, នឹងជាទីលំនៅទៅមកនៃទេវតានិងយក្ខទាំងឡាយ មិនមែនជាវិស័យរបស់មនុស្សលោកទៅ មើលមិនឃើញប្រមាណមិនត្រូវប្រមាណមិនត្រូវឡើយ មានតែព្រះពុទ្ធនិងព្រះអរហន្តទាំងឡាយទើបទៅដល់មើលឃើញ ដឹងស្គាល់ដោយសព្វគ្រប់បាន(អ្នកវិទ្យាសាស្ត្រ ភូមិសាស្ត្រ សម័យនេះមិនអាចបំប៉ោងខួរក្បាល គិតឱយដឹងដូចព្រះអរហន្តបានឡើយ)។ ភ្នំធំឈ្មោះសិនេរុនោះមានកំពូល ៣ ទល់ទ្រពីក្រោម ហៅថាភ្នំត្រៃកូដ, ខាងលើកំពូលភ្នំសិនេរុនោះ ជាភូមិភាគរបស់សក្កទេវរាជ ហៅថា ឋានតាវតឹង្ស ខាងលើតទៅទៀតគឺស្ថានយាមា, តុសិត, និម្មារតី, បរិនិម្មិតវសវតី។ ស្ថានទាំងនេះជាទីលំនៅអាស្រ័យរបស់ពួកទេវតាទាំងអស់ មិនមែនជាទីលំនៅអាស្រ័យរបស់ពួកមនុស្សឡើយ។ ខាងលើតពីស្ថានទេវតាទៅទៀត ជាភូមិភាគរបស់ពួកព្រហ្មមានរូបនឹងព្រហ្មគ្មានរូប។
ព្រហ្មមានរូប ១៦ ស្ថានគឺ
១ បរិស្សជ្ជា ៧ បរិត្តសិភា
២ បុរោហតា ៨ អប្បមាណសុភា
៣ មហាព្រហ្មា ៩ សុភកិណ្ហា
៤ បរិត្តាភា ១០ វេហប្ផលា
៥ អប្បមាណភា ១១ អសញ្ញិសត្តា
៦ អាភស្សរា ១២ អវិហា
៧ អតប្បា ១៣ សុទស្សី
៨ សុទស្សា ១៤ អកនិដ្ជា។
ព្រហ្មគ្មានរូបមាន ៤ ស្ថានគឺ
១ អាកាសានញ្ចាយតនៈ
២ វិញ្ញានញ្ចាយយតនៈ
៣ អភិញ្ចញ្ញាយតនៈ
៤ នេវសញ្ញានាសញ្ញាយតនៈ
ស្ថាននេវសញ្ញានាសញ្ញាយតនៈនេះ ជាស្ថានខាងលើបំផុតរបស់ភពរបស់ឱកាលលោក។ ចម្ងាយពីទីបំផុតភពមកស្ថានមនុស្សនេះឆ្ងាយក្រៃលែងឆ្ងាយនឹងកំណត់រាប់ថាប៉ុណ្ណេះប៉ុណ្ណោះយោជន៍មិនបាន។
ក្នុងគម្ពីរលោកទីបកៈ មានសំដែងប្រៀបធៀបថា
សព្វភវគ្គេ ឋត្វាន កូដាគារសមាសិលា បាតិតា តីហិ វស្សេហិ ទ្វិមាសេហិ ច អដ្ឋហិ រត្តិន្ទំវេហិ.. ដូច្នេះជាដើម។
សេចក្តីថា ទេវតាមានឫទ្ធិច្រើន ស្ថិតនៅក្នុងទីបំផុតភព ហើយទម្លាក់ដុំថ្មប៉ុនផ្ទះឲ្យធ្លាក់ចុះមកឋានមនុស្សលោក ធ្លាក់មកយូរអង្វែងណាស់ចំនួន ៣ ឆ្នាំ ២ខែ ៨ថ្ងៃ នឹង ១៤ នាទី ទើបដល់ឋានមនុស្ស ដុំថ្មនោះគ្រាន់តែសិកដោយខ្យល់ដាច់អស់នៅសល់ប៉ុនផ្លែក្រូចសើចប៉ុណ្ណោះ។

0 comments:
Post a Comment