គ្រានោះឯង ពួកអាមាត្យ មហាមាត្យ ពួកហោរា ពួកហ្មដំរី ពួកអ្នករក្សាទ្វារ នឹងពួកចិញ្ចឹមជីវិតដោយមន្ត ក៏ប្រជុំគ្នាចូលទៅ ក្រាបទូលព្រះរាជាថា បពិត្រព្រះសម្មតិទេព ពួកអ្នកជនបទមិនចំរើន ស្មើនឹងព្រះរាជាជាន់ដមដែលប្រព្រឹត្តចក្កពត្តិវត្ត ដ៏ប្រសើរនោះឡើយ បពិត្រព្រះសម្មតិទេព ពួកខ្ញុំព្រះអង្គសុទ្ធតែចេះចាំនូវចក្កពត្តិវគ្គ សូមព្រះអង្គសួរនូវចក្កពត្តិវគ្គនឹងពួកជនទាំងនោះៗ ក៏បានព្យាករ ថ្វាយ។ ព្រះរាជាកាលបើបានសវនាការណ៍របស់ជនទាំងនោះហើយ ក៏ទ្រង់ចាត់ចែងនូវការរក្សាទប់ទល់គ្រប់គ្រងប្រកបដោយធម៌វិញ តែទ្រង់មិនបានព្រះរាជទានទ្រព្យដល់ពួកអ្នកខ្សត់ទ្រព្យឡើយ ។ កាលបើសេចក្តីទ័លក្រកើតមានច្រើនឡើង ។ កាលបើសេចក្តីទ័លក្រកើតមានច្រើនហើយ មានបុរសម្នាក់កាន់យកទ្រព្យរបស់ជនដទៃ ដែលហៅថាលួច ? ពួករាជបុរសចាប់ជននោះបាន នាំយកទៅថ្វាយស្តេច ហើយទូលតាមដំណើររឿង ។ ព្រះរាជាទ្រង់ត្រាស់សួរបុរសនោះថា អ្នកឯងលួចទ្រព្យគេមែនឬ ? ក្រាបទូលខ្ញុំព្រះអង្គលួចគេមែន ហេតុអ្វីបានជាលួច ? បានជាទូលព្រះបង្គំលួចព្រោះមិនមានរបស់អ្វីនឹងចិញ្ចឹមជីវិត ។ លំដាប់នោះព្រះរាជាទ្រង់ព្រះរាជទានទ្រព្យដល់បុរសនោះ ហើយទ្រង់ត្រាស់បង្គាប់ថា អ្នកចូរយកទ្រព្យទៅចិញ្ចឹមជិវិតខ្លួនផង ចិញ្ចឹមមាតាបិតាបុត្រភរិយាផង។ បុរសនោះក៏ទទួលប្រតិបត្តិតាមព្រះរាជឱង្កា ។ កាលជាខាងក្រោយមក ពួកមនុស្សទាំងឡាយបានឮព្រះរាជាទ្រង់ព្រះរាជទាន ទ្រព្យដល់មនុស្ស ដែលលួចទ្រព្យដូច្នោះ ក៏នាំគ្នាលួចទ្រព្យរបស់ជនដទៃកាន់តែច្រើនឡើងៗ ។ (អកុសលកម្មបថក៏ចាប់កំណើតកើតឡើងទៀតក្នុងលោក តាំងពីកាលនោះមក) ។ លំដាប់នោះមានបុរសម្នាក់លូចទ្រព្យគេ ពួករាជបុរសចាប់បាននាំយកទៅថ្វាយស្តេច ។ ព្រះរាជាទ្រង់ត្រាស់សួរបុរសនោះ ៗ ក៏ក្រាបទូលតាមដំណើរដូចបុរសអ្នកលួចមុន ៗ វេលានោះព្រះរាជាទ្រង់ត្រិះរិះថា បើអាត្មាអញនៅតែឲ្យទ្រព្យដល់អ្នកលួចទៀត អំណើសសតទៅ អទិន្នាទាននឹងរឹងរិតតែចំរើនឡើងក្នុងលោក បើដូច្នោះគួរតែអាត្មាអញផ្ចាញ់ផ្ចាលកាត់ក្បាលអ្នកលួចចេញ ។ ព្រះរាជាត្រាស់បង្កាប់រាជបុរសថា នែ ! ប្រស្តែង អ្នកទាំងឡាយចូរចងស្លាសេកបុរសនោះឲ្យជាប់ ហើយកោរក្បាលឲ្យរលីងទងស្គរនាំបណ្តើរសព្វច្រកល្ហក រួចនាំចេញទៅកាន់ទ្វារក្រុងខាងត្បួង ហើយកាត់ក្បាលវាចេញ ។ រាជបុរសនោះបានធ្វើតាមព្រះរាជអាជ្ញា មនុស្សទាំងឡាយបានឮដំណឹងថាព្រះរាជាទ្រង់បង្គាប់ឲ្យកាត់ក្បាលជនជាអ្នកលួចទ្រព្យដូច្នោះ ក៏នាំគ្នាធ្វើគ្រឿងសស្ត្រវុធដ៏មុតក្លា ហើយនាំអ្នកប្លន់កាប់សម្លាប់អ្នកស្រុកខ្លះ អ្នកនិគមខ្លះ អ្នកនគរខ្លះ អ្នកដើរផ្លូវខ្លះ អូសយកទ្រព្យរបស់ជនទាំងនោះហើយកាប់សម្លាប់ទៀត បាណាតិបាតក៏កើតឡើងក្នុងលោកនាវេលានោះ ។
កាលបើព្រះរាជាមិនព្រះរាជទានទ្រព្យដល់ជនអ្នកគ្មានទ្រព្យហើយ អទិន្នាទានក៏កើតមានច្រើនឡើង បាណាតិបាតក៏កើតច្រើនឡើង ។ តមកមានបុរសម្នាក់លួចទ្រព្យជនដទៃ រាជបុរសចាប់បានយកមកថ្វាយព្រះរាជាៗ ត្រាស់សួរបុរសនោះៗ មិនហ៊ានឆ្លើយតាមពិតខ្លាចក្រែងព្រះរាជាសម្លាប់ក៏ឆ្លើយកុហកថាមិនបានលួចទេ មុសាវាទក៏កើតមានឡើង ។ កាលបើមុសាវាទកើតឡើងហើយ ពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ របស់សត្វក៏ថយចុះមក មនុស្សដែលមានអាយុ ១ សែនឆ្នាំថយនៅត្រឹមតែ ៨ ហ្មឺនឆ្នាំ ។ លុះកាលកន្លងយូរទៅក៏ថយចុះនៅត្រឹមតែ ៤ ហ្មឺនឆ្នាំ ។ ពួកមនុស្សដែលមានអាយុ ២ ហ្មឺនឆ្នាំនោះ មានបុរសម្នាក់លួចទ្រព្យគេ មានបុរសម្នាកទៀតស្អប់បុរស់នោះ ទៅទួលញុះញង់ព្រះរាជាឲ្យចាប់បុរសដែលលួចនោះ បិសុណាវាចាក៏កើតមានឡើង ។ កូនរបស់ពួកមនុស្សដែលមានអាយុ ២ ហ្មឺនឆ្នាំនោះ ក៏ថយចុះទៅត្រឹមតែអាយុ ១ ហ្មឺនឆ្នាំ ។ ពួកមនុស្សមានអាយុ ១ ហ្មឺនឆ្នាំនោះខ្លះមានព័ណ៌សម្បុរល្អ ខ្លះអាក្រក់ ពួកអ្នកមានពណ៌សម្បុរអាក្រក់ស្រឡាញ់អ្នកមានព័ណ៌សម្បុរល្អ ក៏ប្រព្រឹត្តធ្វើមិច្ឆាចារក្នុងបុត្រភរិយារបស់ជនដទៃ កាមេសុមិច្ឆាចារក៏កើតមានឡើង ។ កូនរបស់ជនអ្នកមានអាយុ ២ ហ្មឺនឆ្នាំនោះក៏ថយចុះនៅត្រឹមតែអាយុ ៥ ពាន់ឆ្នាំវិញ ។ ក្នុងពេលដែលពួកមនុស្សមានអាយុ ៥ ពាន់ឆ្នាំនោះ ធម៌ ២ ប្រការគឺ ផរុសវាចា សម្ផប្បលាបៈកើតមានឡើង ។ កូនរបស់ជនអ្នកមានអាយុ ៥ ពាន់ឆ្នាំ នោះក៏ថយចុះនៅត្រឹមតែអាយុ ២ ពាន់ ៥ រយឆ្នាំ ធម៌ ២ ប្រការទៀតគឺ អភិជ្ឈានឹងព្យាបាទៈ ក៏កើតមានឡើងក្នុងពួកមនុស្សជំនាន់នោះ។ កូនរបស់ពួកអ្នកមានអាយុ ២ ពាន់ ៥ រយឆ្នាំនោះ ក៏ថយចុះនៅត្រឹមអាយុ ១ ពាន់ឆ្នាំវិញ ធម៌ ១ ទៀតគឺ មិច្ឆាទិដ្ឋិក៏កើតមានឡើងក្នុងពួកមនុស្សជំនាន់នោះ ។
0 comments:
Post a Comment