គ្រោងគំនិត

  ព្រះពុទ្ធក្ខេត្តមាន៣គឺ ជាតិក្ខេត្ត អាណាខេត្ត វិសសយក្ខេត្ត ។ ខេត្តភាសាបាលីប្រែថា ស្រែ តំបន់ នាទី គឺភាគផែនដីឬភាគផែនលោក ដែលគេសន្មតបែងចែកជាអន្លើៗ មានខ័ណ្ឌដោយរដ្ឋសភាបញ្ញត្តិឬដោយលោកបញ្ញត្តិជាសង្កាត់ៗ កុំឲស្រឡំគ្នា ព្រោះមានច្រើន មិនមែនមានតែ ១ ។
 ពុទ្ធក្ខេត្តទី ១ គឺជាជាតិក្ខេត្ត មានកំណត់ត្រឹមតែ ១ ម៉ឺនលោកធាតុ ព្រះពុទ្ធទ្រង់បដិសន្ធិជាដើម ចំពោះលោកធាតុណា ១ ក្នុងក្រុម ១ ម៉ឺនលោកធាតុនោះ កំរើកញាប់ញ័របានតែ ១ ម៉ឺនលោកធាតុប៉ុណ្ណោះ មិនបានកំរើកញាប់ញ័រ ដល់លោកធាតុដទៃឡើយ។
ពុទ្ធក្ខេត្តទី គឺជា អាណាខេត្ត មានកំណត់ត្រឹមតែ ១ សែនកោដិលោកធាតុ ព្រះពុទ្ធទ្រង់សំដែងនូវរតនបរិត្តនឹងខន្ធបរិត្តជាដើម ក្នុងលោកធាតុណាមួយ ក្នុងក្រុមមួយសែនកោដិលោកធាតុនោះ កំរើករំពើកញាប់ញ័របានតែ ១ សែនកោដិលោកធាតុប៉ណ្ណោះ មិនកំរើកញាប់ញ័រដល់លោកធាតុដទៃឡើយ។ ហេតុដូចម្តេច បានជាពុទ្ធក្ខេត្តទី ២ គឺអាណាខេត្ត មានកំណត់នាទី ១ សែនកោដិលោកធាតុដូច្នេះ មានលោកធាតុលើសពី ១ សែនកោដិទៅទៀត ឬ ក៏គ្មានទេ បើគ្មានហេតុអ្វីក៏ចាំមានកំណត់ មានខេត្ត មិនថាទាំងអស់តែម្តងទៅ ព្រោះអាណាខេត្តនេះនិយាយចំពោះលោកធាតុក្នុងបច្ចុប្បន្នកាល មិនមែននិយាយចំពោះលោកធាតុ ដែលកន្លងផុតទៅហើយនោះទេ ។
 ឪកាសលោកមេឃអាកាសនោះធំទូលាយជាអនន្តល្ហល្ហេវរកទីបំផុតជើងមេឃមិនឃើញ សូម្បីពុទ្ធញ្ញាណក៏រាវរកមិនឃើញដែរ។ បើធំទូលាយយ៉ាងនេះលោកធាតុ ១ សែនកោដិកោដិៗ ជាអនន្តក៏មិនចង្អៀតមេឃអាកាសឡើយ ទាំង៣ខនេះជាគ្រោងគំនិត សូមវិន្ឆ័យតាមន័យនេះចុះ។
       ដែលរៀបរាប់មកនេះចែកមកអំពីពាក្យថាកប្ប ព្រោះពាក្យថាកប្បនេះជាឈ្មោះអាយុរបស់ផែនដី របស់ឪកាសលោក ឬ ជាឈ្មោះអាយុរបស់លោកធាតុឬចក្រវាឡ ។ លោកធាតុ​ ឬ ចក្រវាឡទាំង ១ សែនកោដិដែលជាខេត្តរបស់ព្រះពុទ្ធ ១ អង្គៗ​ នោះ សង្ខារលោកតាកតែងសាងឡើងក្នុងពេលជាមួយគ្នា វិនាសទៅវិញក្នុងពេលជាមួយ គិតតាំងពីកើតឡើងទៅទល់នឹងពេលដែលវិនាសទៅវិញនោះ ច្រើនឆ្នាំណាស់នឹងរាប់ថា ១ សែនកោដិ ឬ ១ អង្ខេយ្យឆ្នាំដូច្នេះមិនអស់ព្រោះលោកធាតុ ឬ ចក្រវាឡនោះមានអាយុវែងណាស់ ទើបអ្នកប្រាជ្ញដើមខ្សែទាំងឡាយ មានព្រះពុទ្ធជាដើមសន្មតហៅថា កប្ប គឺជាលោកធាតុ ឬ ចក្រវាឡនោះមានអាយុវែង ១ សែនកប្បទើបវិនាសទៅវិញ
    ក្នុងគម្ពីរសំយុត្តនិកាយត្រង់តិណកដ្ឋវគ្គ មានសេចក្តីដំណាលថា សម័យ ១ ព្រះសម្ពុទ្ធទ្រង់គង់នៅទៀបក្រុងសាវត្ថីមានភិក្ខុ ១រូប ចូលទៅគាល់ ហើយក្រាបទូលសួរថា បពិត្រព្រះអង្គដ៏ចំរើនកប្បមានកាលវែងប៉ុន្មាន?
                               ព្រះមានព្រះភាគទ្រង់ត្រាស់ថា
  ម្នាលភិក្ខុ កប្បមានកាលវែងណាស់ កប្បនោះមិនងាយនឹងរាប់ថាប៉ុណ្ណោះឆ្នាំក្តី ប៉ុណ្ណោះរយឆ្នាំក្តី ប៉ុណ្ណោះពាន់ឆ្នាំ ឬ ថាប៉ុណ្ណោះសែនឆ្នាំ បានឡើយ។
  ភិក្ខុនោះទូលសួរទៀតថា បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គអាចធ្វើពាក្យឧបមាបានឬទេ?។
ឧបមាថា
  ម្នាលភិក្ខុ ឧបមាដូចជាភ្នំថ្មសុទ្ធដ៏ធំ មានបណ្តោយមួយយោជន៍ទទឹង១យោជន៍ កំពស់មួយយោជន៍ មិនបានធ្លុះមិនមានប្រហោង ជាភ្នំតាន កន្លងមួយរយឆ្នាំៗ ទៅ មានបុរសយកសំពតកាសិកមកបោស ភ្នំនោះម្តងៗ ម្នាលភិក្ខុ ភ្នំថ្មសុទ្ធដ៏ធំនោះ គប្បីដល់នូវការអស់ទៅ រេចទៅដោេយសេចក្តីព្យាយាមនោះឆាប់ជាង កប្បមិនទាន់អស់នៅឡើយ ម្នាល់ភិក្ខុ កប្បមានកាលវែងយ៉ាងនេះ។
 ​ក្នុងកាលជាខាងក្រោយមកមានភិក្ខុមួយរូបចូលទៅគាល់ហើយក្រាបទូលសួរដួចមុនទៀត ព្រះមានព្រះភាគទ្រង់ត្រាស់ថា
    ម្នាលភិក្ខុ ឧបមាដូចនគរដែលព័ទ្ធដោយកំពែង មានបណ្តោយ ១យោជន៍ ទទឹង ១ យោជន៍ កំពស់ ១ យោជន៍ ពេញដោយគ្រាប់ស្ពៃ ជានគរគេបិទភ្ជាប់ដោយដុំដីស្អិត កន្លងមួយរយឆ្នាំៗ ទៅ មានបុរសទៅរើសយកគ្រាប់ស្ពៃមួយគ្រាប់ៗ អំពីគំនរនោះ ម្នាលភិក្ខុកប្បមានកាលវែងយ៉ាងនេះ។
    កប្បនេះបែងចែកចេញជាច្រើនយ៉ាងទៅទៀត ចែកជា ២ ក៏មានជា ៣ ក៏មាន ជា​៤ ក៏មាន ជា ៦ ក៏មាន ។
                                               កប្បចែកជា២ គឺ
                  ១  សំវដ្តកប្ប                                            កប្បវិនាស
                           ២  វិវដ្ដកប្ប                                               កប្បចំរើន
                                               ចែកជា ៣ គឺ
   
១  អាយុកប្ប      ​ខួបអាយុ គឺខួបអាយុក្ខ័យមនុស្ស
     ២ អន្តរាកប្ប       កំណត់អាយុក្ខ័យចុះខ័យឡើង
គឺមនុស្សមានអាយុក្ខ័យចុះដល់ ១០ ឆ្នាំស្លាប់ ហើយខ័យឡើងវិញដល់ អាយុ ១ អសំខេយ្យ ការខ័យចុះទៅហើយខ័យឡើងមកវិញមួយលើកៗ ហៅថាអន្តរាកប្បមួយៗ​ ។
    ៣ អសំខេយ្យកប្ប កំណត់យកអន្តរាកប្ប ៦៤ ដងហៅថាអសំខេយ្យកប្បមួយ។
    ៤ មហាកប្ប កំណត់យកអសំខេយ្យកប្ប ៤ ដងទើបហៅថា មហាកប្បមួយ។
                                             ចែកជា ៤ ទៀតគឺ
  ១  សំវដ្តកប្ប    គិតតាំងពីពេលដែលកប្បវិនាស ទៅទល់និងវិនសអស់រលីង
   សំវដ្ដដ្ឋាយិកប្ប  គិតតាំងពីពេលដែលកប្បវិនាសអស់រលីង ទៅទល់នឹងពេលដែលកើតឡើងទៀត ។
    វិវដ្ឋកប្ប   គិតតាំងពីពេលដែលកប្បកើតឡើងទៅទល់និងពេលដែលព្រះអាទិត្យ ព្រះចន្ទ្រកើតមាន។
    វិវដ្តដ្ឋាយិកប្ប   គិតតាំងពីពេលដែលព្រះអាទិត្យ ព្រះចន្ទ្រ កើតមានទៅទល់នឹងពេលដែលកប្បវិនាសទៅវិញ។
                                             ចែកជា ៦ គឺ
 ១  សារកប្ប  កប្បដែលមានព្រះពុទ្ធត្រាស់តែ ១ ព្រះអង្គ
 ២  មណ្ឌកប្ប  កប្បដែលមានព្រះពុទ្ធត្រាស់តែ ២ ព្រះអង្គ
 ៣ វរកប្ប  កប្បដែលមានព្រះពុទ្ធត្រាស់តែ ៣ ព្រះអង្គ
 ៤ សារមណ្ឌកប្ប   កប្បដែលមានព្រះពុទ្ធត្រាស់តែ ៤ ព្រះអង្គ
 ៥ ភទ្ទកប្ប   កប្បដែលមានព្រះពុទ្ធត្រាស់តែ ៥ ព្រះអង្គ
 ៦ សុញ្ញកប្ប    កប្បដែលគ្មានព្រះពុទ្ធត្រាស់ ។
                                                       អំពីកប្បវិនាស
                          កប្បដែលវិនាសទៅវិញដោយ ៣ យ៉ាងគឺ 
 ១ វិនាសដោយភ្លើងឆឆេះ កាលបើលោកធាតុ ឬ ចក្រវាឡទាំង ១ សែនកោដិមានអាយុគ្រប់ ១ កប្បហើយ ត្រូវភ្លើងឆេះកំទេចលោកធាតុទាំងនោះ មុនដែលនឹងភ្លើងឆេះនោះ មានភ្លៀងធ្លាក់ចុះក្នុងលោកធាតុទាំង ១ សែនកោដិ មនុស្សទាំងឡាយនាំគ្នាត្រេកអរសាបព្រោះបណ្តុះពូជធញ្ញជាតិផ្សេងៗ​ កាលបើដុះល្មមគោស៊ីបានហើយ ភ្លៀងក៏រាំងលែងធ្លាក់ចុះមកទៀតអស់សែនឆ្នាំជាច្រើន ។ សត្វដែលមានកម្មស្រាលៗ ក៏សស្លាប់ មុនសត្វដែលមានកម្មអាក្រក់ បានទៅកើតក្នុងព្រហ្មលោកទាំងអស់។ លុះកាលកន្លងយូរទៅទឹកដែលគក់នៅក្នុងទីនោះៗ​ រីងអស់ទៅ ពួកសត្វទាំងឡាយមានត្រីនឹងអណ្តើកជាដើមក៏ស្លាប់ទៅអស់ទៅ ។ សត្វនរក (ស្លាប់ក្នុងពេលដែលព្រះអាទិត្យ ៧ កើតឡើង) តិរច្ឆានក្តីមនុស្សក្តីស្លាប់ទៅបានទៅកើតក្នុងទេវលោក ខំចំរើនឈានក្នុងទីនោះ បានទៅកើតក្នុងព្រហ្មលោកទាំងអស់។ ដ្បិតមុនដែលភ្លើងនឹងឆេះចំនួនជាមួយសែនឆ្នាំមានទេវតាមួយអង្គឈ្មោះ លោកព្យូហាចុះអំពីទេវលោកមក ក្លែងភេទជាមនុស្សស្លៀកសំពត់ក្រហមរំសាយសក់ មានមុខទទឹកជោកដោយទឹកភ្នែក ជូតទឹកភ្នែកហើយដើរទៅតាមផ្លូវមនុស្សប្រកាស ប្រាប់ថា អ្នកទាំងឡាយ នៅមួយសែនឆ្នាំទៀតកប្បនឹងវិនាស លោកនឹងវិនាស ទឹកសមុទ្រនឹងរីងខះ ផែនដីភ្នំព្រះសុមេរុទេវលោកព្រហ្មលោកនឹងវិនាស អ្នកទាំងឡាយចូរចំរើនមេត្តាភាវនានឹងខំបំរើមាតាបិតាដោយគោរព ។ ក្នុងពេលនោះមនុស្សលោកទាំងឡាយជាសប្បុរសបានស្តាប់ពាក្យ ទេវតានោះហើយ ក៏កើតសំវេកតក់ស្លុតមុនគេ ប្រញាប់ប្រញាល់ធ្វើបុណ្យទានបំរើមាតាបិតាមិនមានសេចក្តីប្រមាទ លុះស្លាប់ទៅបានទៅកើតក្នុងទេវលោក ខំចំរើនឈានក្នុងទេវលោក បានសម្រេចឈានក៏បានទៅកើតក្នុងព្រហ្មលោកទៅ មិនបានទៅរងទុក្ខវេទនាយូរដួចជាជនអសប្បុរសឡើយ។
                                                  ក្នុងគម្ពីវិសុទ្ធិមគ្គប្រាប់ថា
  វស្សុបច្ឆេទតោ បន ឧទ្ទំ ទីឃស្ស អទ្ធុនោ  អច្ចយេន ទុតិយោ សុរិយោ បាគុភាវតិ  ដូច្នេះជាដើម។
         សេចក្តីថា
   ១ រាន់តាំងអំពីកាលដែលរាំងភ្លៀង កន្លងកាលមកជាយូអង្វែង មានព្រះអាទិត្យទី ២ កើតឡើងប្រាកដ ។ កាលព្រះអាទិត្យមានក្នុងលោកហើយយប់និងថ្ងៃមិនប្រាកដ ។ ព្រះអាទិត្យ ១ រះឡើង មួយលិចទៅ ក្នុងលោកមានកំដៅព្រះអាទិត្យជាប់ជានិច្ចរាល់វេលា។ ក្នុងកាលមុនអំពីកាលដែលព្រះអាទិត្យញ៉ាំងកប្បឲ្យវិនាសនោះ សុរិយទេវបុត្រតែងមានក្នុងសុរិយវិមាន ដល់ក្នុងកាលដែលព្រះអាទិត្យញ៉ាំងកប្បឲ្យវិនាសនោះសុរិយវិមាន មិនមានទេវបុត្រឡើយ។ សុរិយមណ្ឌដែលកើតថ្មីមានកំដៅក្លាហានណាស់ពពកនឹងអ័ព្ទក្នុងអាកាសវិនាសបាត់អស់ ជាអាកាសប្រាស់ចាកមន្ទិល។ កាលបើព្រះអាទិត្យទី ២ កើតមកក្នុងលោកហើយ ទឹកក្នុងស្ទឹងតូចៗ រីងខះអស់ ឥតសល់។ លុះកន្លងកាលកន្លងយូរទៅព្រះអាទិត្យទី ៣ កើតឡើង ទឹកក្នុងស្ទឹងធំទាំង ៥ ក៏រីងខះអស់ទៀត ។ លុះកាលកន្លងយូរទៅ ព្រះអាទិត្យទី ៤ កើតឡើង ។ ទឹកក្នុងស្រះទាំង ៧ មានស្រះអនោតត្តជាដើមក៏រីងខះអស់ទៀត ។ លុះកាលកន្លងយូរទៅ ព្រះអាទិត្យទី ៥ កើតឡើង ទឹកក្នុងមហាសមុទ្រក៏រីងខះអស់ទៀត ក្នុងលោកទាំងមូលគ្មានទឹក ១ ដំណក់ឡើយ។ លុះកាលកន្លងយូរទៅ ព្រះអាទិត្យទី ៦ កើតឡើង ចក្រវាឡទាំង ១ សែនកោដិមានផ្សែងហុយទ្រលោមឡើង មានជ័រហូរចេញអំពីផែនដី ។
 លុះកាលកន្លងយូរទៅ ព្រះអាទិត្យទី ៧ កើតឡើង ចក្រវាឡទាំង ១ សែនកោដិ មានអណ្តាតភ្លើងឆេះសន្ធោសន្ធៅ ឆេះរំលាយភ្នំកំពស់ ១ យោជន៍ ។ ជាដើមដរាបដល់ភ្នំព្រះសិនេរុ បណ្តាលឲ្យវិនាសសាបសូន្យទៅ ។ អណ្តាតភ្លើងដែលឆេះនោះក៏ឆេះស្ថានចាតុមហារាជិកា ឆេះស្ថានតាវតឹង្ស ស្ថានយាមា ស្ថានតុសិត ស្ថាននិម្មានរតី ស្ថានបរនិម្មិតវសវតី និងឆេះនូវស្ថានព្រហ្មជាន់ខាងក្រោមទៅទល់ត្រឹមស្ថានអាភស្សរ ។
     សាវ យាវ អណុមត្តម្បិ សង្ខារគតំ អត្ថិ តាវ ន និព្វានយតិ ។
     អណ្តាតភ្លើងនោះ បើរបស់ដែលឆេះនោះមិនទាន់អស់ ក៏មិនទាន់រលត់ ឆេះដរាបដល់អស់មិនឲ្យសល់ផេះ ទើបរលត់ទៅ ឧបមាដូចជាភ្លើងឆេះប្រេង ។ ទីខាងក្រោមជាអាកាសទទេ ខាងលើក៏ជាអាកាសទទេដូចគ្នាទាំងអស់មានងងឹតធំតែ ១ ។
  ២  វិនាសដោយទឹក កាលបើលោកធាតុ ឬ ចក្រវាឡមានអាយុ ១ កប្បហើយ ត្រូវវិនាសទៅវិញ ។ ការវិនាសដោយទឹកនោះ មានទំនងដូចគ្នានឹងវិនាសដោយភ្លើងដែរ គ្រាន់តែប្លែកដូច្នេះគឹមហាមេឃបណ្តាលភ្លៀងទឹកក្រុតធ្លាក់ចុះមកក្នុងចក្រវាឡទាំង ១ សែនកោដិ សម្ភារទាំងឡាយមានភ្នំជាដើម ទឹកក្រុតនោះខ្យល់បក់ទ្រទ្រង់ជុំវិញ រំលាយនូវសម្ភារខាងក្រោមហើយ រំលាយបនូវស្ថានសួគ៌ ៦ ជាន់ នឹងស្ថានព្រហ្មជាច្រើនជាន់ទៀតទៅទល់ត្រឹមស្ថានព្រហ្មឈ្មោះ សុភកិណ្ហា ។ ទឹកក្រុតក៏រីងខះអស់ទៅ សម្ភារទាំងឡាយមានភ្នំជាដើម ដែលរលាយដោយទឹកក្រុតនោះ ឧបមាដូចជាអំបិលដែលបង់ទៅក្នុងទឹក រលាយអស់ឥតមានសល់អ្វីតិចតួចឡើយ។ ទីខាងក្រោមជាអាកាសទទេ ខាងលើក៏ជាអាកាសទទេដូចគ្នាទាំងអស់ មានងងឹតធំតែ ១ ។
៣  វិនាសដោយខ្យល់ កាលបើលោកធាតុ ឬ ចក្រវាឡមានអាយុ ១ កប្ប ហើយត្រូវវិនាសទៅវិញ ។ ការដែលវិនាសដោយខ្យល់នោះ មានទំនងដូចគ្នានឹងវិនាសដោយភ្លើងដែរ គ្រាន់តែប្លែកគ្នាដូច្នេះគឹ មហាមេឃញ៉ាំងខ្យល់ព្យុះធំឲ្យកើតឡើងបក់បំប៉ើងធូលីល្អិតៗ ឲ្យហុយទៅព្ធដ៏អាកាសវិនាសបាត់អស់ទៅជាមុន ទើបបក់បំប៉ើងនូវដី ខ្សាច់គ្រួសតូចធំនិងដុំថ្មដរាបដល់ដើមឈើនឹងភ្នំឲ្យប៉ះទង្គិចគ្នា អណ្តែតទៅព្ធដ៏អាកាស វិនាសអស់ឥតសល់កំទេច ទើបបក់បំបែកនូវផែនដីក្នុង ១ សែនកោដិចក្រវាឡនឹងស្ថានសួគ៌ ៦ ជាន់ ស្ថានព្រហ្ម ដរាបទៅទល់ស្ថានព្រហ្មឈ្មោះវេហប្ផលា ឲ្យល្អិតល្អន់ខ្ទេចខ្ទីអស់ឥតមានសល់ ធូលីបន្តិចបន្តួចឡើយ ។ ខ្យល់ក៏វិនាសបាត់អស់ទៅ ទីខាងក្រោមជាអាកាសទទេ ខាងលើក៏ជាអាកាសទទេដូចគ្នាទាំងអស់ មានងងឹតធំតែ ១ ។
     កប្បដែលវិនាសទៅវិញដោយអាការ ៣ យ៉ាងដូចរៀបរាប់មកនេះ ។ អាការទាំង ៣ យ៉ាងនេះមិនមែនវិនាសផ្លាស់ប្តូរគ្នាម្តងៗ ម្នាក់ទេគឹវិនាសយ៉ាងនេះ
 វិនាសដោយភ្លើង ៧ ដង ត្រូវវិនាសដោយទឹកម្តង វិនាសដោយភ្លើងនឹងទឹកៗ តែយ៉ាងនេះចំនួន ៦៣ ដង ទើបវិនាសដោយខ្យល់ម្តង នេះជាធម្មតានៃការវិនាសរបស់កប្ប។
                ក្នុងគម្ពីរវិសុទ្ធិមគ្គប្រាប់អំពីហេតុដែលបណ្តាលឲ្យវិនាសថា
       កាលបើអកុសលមូលទាំងឡាយ គឺ រាគ ទោស មោហ ក្រាស់ឡើងហើយ លោកតែងវិនាសដោយអាការយ៉ាងនេះ។ លោកនេះកាលបើមាន រាគ ក្រាស់ជាង ត្រូវវិនាសដោយភ្លើង បើមានទោសក្រាស់ជាង ត្រូវវិនាសដោយទឹក ។ ចំណែកខាងអាចារ្យនិយាយថា កាលបើមានទោស ក្រាស់ជាង ត្រូវវិនាសដោយទឹក ។ បើមានមោហ ក្រាស់ជាង ត្រូវវិនាសដោយខ្យល់។
   ​                     ការរៀបរាប់អំពីការវិនាសភពផែនដីចប់ដោយបរិបូរណ៌។

   
                                           




 

Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment