ព្រះបាទទល្ហនេមិ( ភាគទីបញ្ចប់)

អកុសលកម្មបថទាំង ១០ ដែលកើតឡើងក្នុងលោក មិនមែនកើតរៀងគ្នាដូចខាងផ្នែកកុសលកម្មបថទេ កើតយ៉ាងនេះគឺ
                                                ១ អទិន្នាទាន              ៦ ផរុសវាចា
                                                ២ បាណាតិបាត         ៧ សម្បប្បលាបៈ
                                                ៣ មុសាវាទ                ៨  អភិជ្ឈា
                                                ៤  បិសុណាវាចា         ៩  ព្យាបាទ
                                                ៥  កាមេសុមិច្ឆាចារ    ១០  មិច្ឆាទិដ្ឋិ
                                                 ​  ខាងកុសលកើតយ៉ាងនេះ
                               ​១   វៀរចាក បាណាតិបាត      ៥    វៀរចាក បិសុណាវាចា
                               ២   អទិន្នាទាន                         ៦    ផរុសវាចា
                               ៣  កាមេសុមិច្ឆាចារ                ៧   សម្បប្បលាបៈ
                               ៤  មុសាវាទ                             ៨  អភិជ្ឈា
                               ៥   ព្យាបាទ                             ៩   មិច្ឆាទិដ្ឋិ
កាលបើអកុសលកម្មបថទាំង ១០ កើតច្រើនក្នុងលោកហើយ កូនរបស់ជនអ្នកមានអាយុ ១ ពាន់ឆ្នាំនោះ ក៏ថយចុះនៅតែអាយុ ៥ រយឆ្នាំ ។ ក្នុងពេលនោះធម៌អាក្រក់ ៣ យ៉ាងកើតឡើងទៀតគឺ
  ១  អធម្មរាគៈ ត្រេកត្រអាលខុសគន្លងធម៌ គឺមនុស្សមានតម្រេកក្នុងមាតាបិតា ម្តាយធំ ឪពុកធំ ឪពុកមា បងប្អូនបងកើតនិងបុត្រធីតារបស់ខ្លួន។
  ២  វិសមលោភៈ ចង់បានហួសប្រមាណ ចង់បានឥតរបបគឺរបស់ដែលមិនគួរខ្លួនបានក៏ចង់បានដែរ នៅស្រុកឯណោះចង់បានរបស់ស្រុកឯណេះ នៅនគរឯណោះចង់បាននគរឯណេះ  ។
  ៣  មិច្ឆាធម្មៈ ប្រាថ្នាខុសគន្លងធម៌ បានដល់តម្រេករបស់បុរសក្នុងបុរស តម្រេករបស់ស្ត្រីក្នុងស្ត្រី ។
  កាលបើធម៌ទាំង ៣ នេះចំរើនឡើងហើយ កូនរបស់ជនអ្នកមានអាយុ ៥ រយឆ្នាំ ក៏ថយចុះនៅតែអាយុ ២៥០ ឆ្នាំ ។ ពេលនោះមនុស្សមិនសូវគោរពមាតាបិតាគ្រូអាចារ្យចាស់ព្រឹទ្ធាចារ្យឡើយ អាយុក៏ចេះតែថយចុះមកនៅត្រឹម ១០០ ឆ្នាំ ក្នុងរយៈកាលអាយុ ១០០ ឆ្នាំនេះ ព្រះសម្ពុទ្ធបរមគ្រូរបស់យើងទ្រង់ស្តេចចុះចាកស្ថានតុសិត មកចាប់បដិសន្ធិក្នុងផ្ទៃព្រះនាងសិរិមហាមាយា ជាអាឃ៌អគ្គទេពីរបស់ព្រះបាទសិរីសុទ្ធោទនៈ នាក្រុងកបិលភស្តុ ទ្រង់ចេញបព្វជ្ជាបានត្រាស់ជាព្រះពុទ្ធ ព្រះអង្គបរិនព្វានក្នុងព្រះជន្មគំរប ៨០ ឆ្នាំ បានប្រតិស្ថានព្រះពុទ្ធសាសនាទុក ៥ ពាន់ឆ្នាំតមកទៀត ។ ឥឡូវនេះព្រះពុទ្ធសាសនាកន្លងទៅអស់ ២៥០០ ឆ្នាំហើយ អាយុរបស់មនុស្សសព្វថ្ងៃចុះថយនៅតែ ៧៥ ឆ្នាំទេ ព្រោះមានក្បួនឲ្យគិតថា បើឆ្នាំកន្លងទៅ ១០០ អាយុក្ខ័យរបស់មនុស្សថយអស់ ១ ឆ្នាំ ។
ការថយចុះអាយុរបស់មនុស្សសព្វថ្ងៃនេះមិនទាន់ដល់កំរិតទេ នៅមានថយចុះទៅទៀតដរាបដល់មនុស្សមានអាយុត្រឹមតែ ១០ ឆ្នាំ  ដូចមានព្រះពុទ្ធការសំដែង មាននៅក្នុងគម្ពីរទីឃនិកាយថា
  ភវិស្សតិ ភិក្គវេ សោ សមយោ យំ ឥមេសំ មនុស្សានំ ទសវស្សាយុក បុត្តា ភវិស្សតិ ដូច្នេះជាដើម ។
  សេចក្តីថា ម្នាលភិក្ខុទាំងឡាយ តទៅខាងមុខ នឹងមានសម័យដែលកូនមនុស្សទាំងនេះមានអាយុ ១០ ឆ្នាំ កាលបើមនុស្សមានអាយុ ១០ ឆ្នាំ ពួកនាងកុមារិកាមានអាយ ៥ ឆ្នាំ នឹងល្មមឲ្យមានប្តី ម្នាលភិក្ខុទាំងឡាយកាលបើមនុស្សមានអាយុ ១០ ឆ្នាំ រស់ដ៏ប្រសើរគឺ ទឹកឃ្មុំ ទឹកដោះខាប់ ប្រេង ទឹកអំពៅ អំបិល នឹងបាត់អស់ទៅ មនុស្សទាំងឡាយស៊ីតែស្មៅគែលលក យកស្មៅគែលលកជាអាហារ កសលកម្មបថទាំង ១០ សាប់សូន្យអស់ទៅ អកុសលកម្មបថចំរើនឡើងជនអ្នកគោរពមាតាបិតតាជាដើមបាត់អស់ទៅ មនុស្សក្នុងលោកក្លាហានមិនស្គាលខុសត្រូវដូចសត្វតិរច្ឆាន នឹងកើតអន្តរធាន ១ យ៉ាងធំក្នុងរយៈកាលនោះឯង ហៅថា «សត្ថន្តរកប្ប » មនុស្សទាំងឡាយក្នុងលោកត្រូវវិនាសដោយគ្រឿងសស្ត្រាវុធ ។ ក្នុងពេលដែលកើតសត្ថន្តរកប្បនោះ  មនុស្សមានគ្រឿងសស្ត្រាវុធគ្រប់ដៃ ឃើញមនុស្សដូចគ្នា ដូចព្រានព្រៃឃើញម្រឹគ គឺមាតាបិតាឃើញកូនៗ ឃើញមាតាបិតា កើតសេចក្តីក្រោធខឹង ស្ទុះដេញកាប់គ្នា ក្នុងរវាង ៧ ថ្ងៃសូន្យមនុស្សក្នុងលោក លើផែនដីប្រឡាក់សុទ្ធតែឈាម ។ លុះ ៧ ថ្ងៃកន្លងទៅ មានមនុស្សដែលរត់រួចទៅ ពយនក្នុងព្រៃស្បាតជាដើម នាំគ្នាចេញមកវិញដើរស្កាតរកគ្នា ក្នុងស្រុកនិគមជនបទមួយៗ មានពីរបីនាក់ លុះបានជួបគ្នាហើយក៏ឱបគ្នាទៅវិញទៅមកនិយាយទៅវិញទៅមករាក់ទាក់គ្នា មានចិត្តស្រឡាញ់គ្នាដូចបងប្អូនបង្កើត ។ កាលបើកើតសត្ថន្តរកប្បនេះ បើគិតពីត្រឹម ព ស ២៥០០ នេះនៅត្រឹមតែ ៦៥០០ ឆ្នាំទៀតទេដល់ហើយ (សូមគិតដេញមើលដែលកន្លងទៅ ១០០ ឆ្នាំហើយថយអស់អាយុ ១ ឆ្នាំ) ។
  មនុស្សដែលនៅសល់ទាំងប៉ុន្មាន កាលបានជួបគ្នាហើយក៏ជំនុំគ្នាថា ពួកកមនុស្សដែលវិនាសសូន្យក្នុងលោកយ៉ាងនេះមកតែអំពីការប្រព្រឹត្តិអកុសលធម៌ បើដូច្នោះមានតែពួកយើងនាំគ្នាប្រព្រឹត្តកុសលធម៌វិញ​ តើគួរប្រព្រឹត្តដូចម្តេច ? ណ្ហើយចុះពួកយើងគួរវៀរចាក បាណាតិបាទ ព្រោះសត្វទាំងឡាយក្នុងលោកសុទ្ធតែចង់រសគ្រប់គ្នាបើយើងសម្លាប់គេ យើងត្រូវតែគេសម្លាប់វិញមិនខាន ។ លុះគិតដូច្នេះហើយក៏នាំគ្នានាំតមមិនសម្លាប់សត្វទាំងពួង កុសលកម្មបថទី ១ ក៏កើតឡើងក្នុងលោកនាវេលានោះឡើងវិញ (១ ន័យខ្លះថានៅវេលាដែលសត្្វទាំងនោះ បានរក្សាកុសលកម្មបថទី ១ ហើយមានភ្លៀងធ្លាក់ចុះមកជាខ្លាំងនាំសាកសពទំលាក់ទៅក្នុងទឹកសមុទ្ទ ហើយមានផ្កាទិព្វធ្លាក់ចុះជាច្រើន ) ។ កូនរបស់អ្នកមានអាយុ ១០ ឆ្នាំនោះក៏កើតមានអាយុឡើងដល់ ២០ ឆ្នាំទើបស្លាប់ ។ លុះកន្លងកាលយូរទៅពួកមនុស្សទាំងនោះមានសេចក្តីត្រិះរិះថា ពួកយើងដេលចំរើនអាយុឡើងវិញ ព្រោះតែរក្សានូវកុសលធម៌ បើដូច្នេះយើងនាំគ្នារក្សានូវកុសលធម៌នោះឲ្យច្រើនក្រៃលែងឡើងទៀត ។ ពួកមនុស្សទាំងនោះបាននាំគ្នារក្សាកុសលកម្មបថម្តង១ៗ ដរាបគ្រប់ទាំង ១០ អាយុចេះតែចំររើនឡើងជាទ្វេភាគដរាបដល់មនុស្សមានអាយុ ៨ ម៉ឺនឆ្នាំ ( ន័យខ្លះថាឡើងដល់ ១ អសង្ខេយ្យឆ្នាំ ទើបថយចុះមកវិញ) ពួកមនុស្សដែលមានអាយុ ៨ ម៉ឺនឆ្នាំនោះ នាងកុមារិកាមានអាយុ ៥ រយ ឆ្នាំល្មមឲ្យមានស្វាមី។ អាពាធរបស់មនុស្សក្នុងជំនាន់នោះមានតែ ៣ គឺ ចំណង់ក្នុងអាហារ ១ បរិភោគអាហារមិនបាន ១ សេចក្តីគ្រំគ្រានៃរាងកាយ ១ ។ កាលមនុស្សមានអាយុ ៨ ម៉ឺនឆ្នាំនោះជម្ពូទ្វីបនេះ ជាទ្វីបស្តុកស្តម្ភធំទូលាយ មានស្រុកនិគមរាជធានីតៗ គ្នា ១រយមាន់ហើរធ្លាក់ ពេញទៅដោយមនុស្សរកចន្លោះគ្មាន ដូចជាអវិចីនរក ពុុំនោះសោតដូចជាព្រៃបុរស ឬ ព្រៃរាំងភ្នំ ។ ក្រុងពារាណសី សព្វថ្ងៃនេះ ប្រែឈ្នោះថា កេតុបតី រាជធានីទៅវិញ ។ ក្នុងជម្ពូទ្វីបនេះមាននគរចំនួន ៧ ម៉ឺន ៤ ពាន់ មាននគរកេតុបតីជាប្រធាន មានមហារាជ ១ ព្រះអង្គព្រះនាម សង្ខៈ កើតក្នុងនគរ កេតុបតីនោះឯង ជាស្តេចក្រពត្តិ ជាឥស្សរៈលើផែនដីដែលមានសមុុទ្ទទាំង ៤ ជាព្រំប្រទល់ ទ្រង់មានជនបទស្ថិតស្ថេរបរិបូណ៌ដោយកែវ ៧ ប្រការ ។ លុះកាលកន្លងយូរទៅ ព្រះមានព្រះភាគទ្រង់ព្រះនាម មេតេយ្យៈ ទ្រង់ឧប្បត្តិកើតក្នុងលោក ឧប្បត្តិកើតក្នុងត្រកូលព្រាហ្មណ៍ដែលជាធំក្នុងនគរកេតុបតីនោះឯង មាតាព្រះអង្គព្រះនាម ព្រហ្មវតី បិតាព្រះនាម សុព្រហ្មា ។ សម័យនោះមនុស្សលោកបរិបូណ៌ដោយសុខភាពយ៉ាងហាក់បីដូចជានៅក្នុងស្ថានសួគ៌  ។ ព្រះសម្ពុទ្ធព្រះនាម មេេតយ្យៈ នោះ មានព្រះជន្មវែងងចំនួន ៨ ម៉ឺនឆ្នាំ ទើនបរិនិព្វាន ។
   កាលដែលព្រះសម្ពុទ្ធព្រះនាម មេតេយ្យៈ បរិនិព្វានហើយកន្លងកាលយូរបន្តិចទៅទៀត ភទ្ទកប្បផែនដីយើងនេះដល់កំរិតអាយុហើយ ត្រូវភ្លើងឆេះរំលាយឲ្យវិនាសក្នុងសម័យនោះឯង ។ ព្រោះហេតុនោះ សូមពុទ្ធមិកជនទាំងឡាយខំបំពេញកុសលធម៌គ្រប់ៗ គ្នាកុំខានឡើយ៕៕៕៕៕
                                                (ចប់កប្បកថាដោយសង្ខប)
                             ស្នាដៃរបស់ «ព្រះបាឡាត់ឧត្តមលិខិត សុង ស៊ីវ»
                                                                សិទ្ធត្ថោ
                  ព ស ២៥១០                                                                     គ ស ១៩៦៧



                                         
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment